ស្បៃសំពត់ដ៏ធំមួយ
- បរិយាកាសការពារផែនដីដូចជាស្បៃសំពត់អ៊ីសូឡង់ដ៏ធំមួយ។ វាស្រូបយកកំដៅពីព្រះអាទិត្យ និង រក្សាកំដៅនោះនៅខាងក្នុងបរិយាកាស ជួយឱ្យផែនដីមានកំដៅល្មម និងមានស្ថេរភាពផងដែរជាពិសេសរវាងពេលថ្ងៃនិងពេលយប់។ ដូច្នេះយើងមិនត្រជាក់ពេកនៅពេលយប់និងមិនក្តៅពេកនៅពេលថ្ងៃ។ វាក៏មានស្រទាប់មួយទៀតនៃបរិយាកាសដែលគេហៅថាស្រទាប់អូហ្សូន។ ស្រទាប់អូហ្សូនជួយការពារផែនដីពីកាំរស្មីព្រះអាទិត្យ។
- ស្បៃសំពត់ដ៏ធំនេះក៏ជួយបង្កើតលំនាំអាកាសធាតុនិងលក្ខណៈបរិយាកាសរបស់យើងផងដែរ។ អាកាសធាតុរក្សាខ្យល់ក្តៅដ៏ខ្លាំងមិនឱ្យនៅមួយកន្លែង ហើយបង្កើតទៅជាព្យុះ និងភ្លៀង។ របស់ទាំងអស់នេះមានសារៈសំខាន់សម្រាប់ជីវិតនិងអេកូឡូស៊ីផែនដី។
ខ្យល់
បរិយាកាសគឺជាខ្យល់ដែលរុក្ខជាតិនិងសត្វដកដង្ហើមដើម្បីរស់។ បរិយាកាសត្រូវបានបង្កើតឡើងដោយភាគច្រើនមានអាសូត (nitrogen) (៧៨%) និងអុកស៊ីសែន (២១%) ។ មានឧស្ម័នជាច្រើនទៀតនៅក្នុងបរិយាកាស ប៉ុន្តែក្នុងបរិមាណតិច។ ទាំងនេះរួមបញ្ចូលឧស្ម័នអាកុង កាបូនឌីអុកស៊ីត ណេអុង អេលីយ៉ូម អ៊ីដ្រូសែន ។ល។ អុកស៊ីសែនគឺសំខាន់ខ្លាំងណាស់ជីវិតមនុស្សសត្វដើម្បីដកដង្ហើមហើយកាបូនឌីអុកស៊ីតសំខាន់សម្រាប់រុក្ខជាតិក្នុងការធ្វើរស្មីសំយោគ។
ស្រទាប់នៃបរិយាកាសផែនដី
យោងទៅតាម សៀវភៅផែនដីវិទ្យាថ្នាក់ទី៨ មេរៀនទី ២ បរិយាកាសផែនដីត្រូវបានបែងចែកជា ៤ ស្រទាប់ ឬ ៤ មណ្ឌល់ មានដូចជា មណ្ឌលអាកាសរចល់ មណ្ឌលអាកាសស្ងប់ មណ្ឌល់មេសូឬមណ្ឌលកណ្ដាល និងមណ្ឌលកម្ដៅ ដែលក្នុងមណ្ឌលនេះត្រូវបានបែងចែកជាពីរទៀត គឺមណ្ឌលអ៊ីយ៉ុង និង មណ្ឌលអ៊ិចសូ។
បើតាម គេហទំព័រNASA បរិយាកាសផែនដីត្រូវបានបែងចែកជា ៦ ស្រទាប់ឬមណ្ឌលធំ ៗ ៖ Troposphere ហៅជាភាសាខ្មែរគឺំមណ្ឌលអាកាសរចល់, Stratosphere ហៅជាភាសាខ្មែរគឺមណ្ឌលអាកាសស្ងប់, Mesosphere ហៅជាភាសាខ្មែរមណ្ឌលមេសូ ឬមណ្ឌលកណ្ដាល, Thermosphere មណ្ឌលកម្ដៅ, Ionosphere ហៅជាភាសាខ្មែរមណ្ឌលអីយ៉ុង និង Exosphere ហៅជាភាសាខ្មែរមណ្ឌលអ៊ិចសូ។
មណ្ឌលអាកាសរចល់ (Troposphere)
- មណ្ឌលអាកាសរចល់ គិតចាប់ពីផ្ទៃផែនដីហើយលាតសន្ធឹងពីផ្ទៃដីទៅកំពស់១៦ គីឡូម៉ែត្រ (មេរៀនទី២ បរិយាកាសផែនដី ផែនដីវិទ្យាថ្នាក់ទី៨)។ នេះជាកន្លែងដែលយើងរស់នៅនិងសូម្បីតែយន្តហោះក៏ហោះហើរក្នុងមណ្ឌលនេះផងដែរ។ ប្រហែល ៨០% នៃម៉ាស់បរិយាកាសស្ថិតនៅក្នុងស្រទាប់នេះ។ បរិយាកាសនៅមណ្ឌលនេះគឺមានសម្ពាធខ្យល់ខ្លាំងជាងគេ។ អាកាសធាតុស្ទើរតែគ្រប់បែបយ៉ាងស្ថិតនៅក្នុងមណ្ឌលនេះ។
មណ្ឌលអាកាសស្ងប់ (Stratosphere)
- មណ្ឌលអាកាសស្ងប់គិតចាប់ពីខាងលើ មណ្ឌលអាកាសរចល់ហើយលាតសន្ធឹង ៥០ គីឡូម៉ែត្រទៅលើ។ ស្រទាប់អូហ្សូនដែលស្រូបយកនិងបំបែកកាំរស្មីស្វាយអ៊ុលត្រាវីយូឡេគឺស្ថិតនៅក្នុងមណ្ឌលនេះ។ មណ្ឌលអាកាសស្ងប់មានសីតុណ្ហភាព ១៨ អង្សាសេនៅខាងលើដោយសារឧស្ម័នអូហ្សូនស្រូបយកនិងបំបែកកាំរស្មីស្វាយអ៊ុលត្រាវីយូឡេ ប៉ុន្តែនៅខាងក្រោមនៃមណ្ឌលនេះត្រជាក់ខ្លាំងរហូតដល់ - ៦០ អង្សាសេរ។
មណ្ឌលមេសូ (Mesosphere)
- មណ្ឌលមេសូគិតចាប់ពីខាងលើ មណ្ឌលអាកាសស្ងប់ ហើយលាតសន្ធឹងដល់ ៨៥ គីឡូម៉ែត្រ ។ អាចម៍ផ្កាយដែលធ្លាក់មកភពផែនដីត្រូបានឆេះនៅក្នុងមណ្ឌលនេះ និងជាកន្លែងដែលត្រជាក់បំផុត គឺសីតុណ្ហភាពធ្លាក់រហូតដល់ - ៩០ អង្សាសេ (មេរៀនទី២ បរិយាកាសផែនដី ផែនដីវិទ្យាថ្នាក់ទី៨)។
- មណ្ឌលកម្ដៅគិតចាប់ពីលើ មណ្ឌលមេសូ ហើយលាតសន្ធឹងដល់ ៦០០ គីឡូម៉ែត្រទៅខាងលើ។ ផ្កាយរណបត្រូវបានគេដាក់នៅក្នុងមណ្ឌលនេះ។ ម៉ាស់ខ្យល់គឺស្តើងខ្លាំងណាស់នៅទីនេះ។ យោងតាមមេរៀនទី២ បរិយាកាសផែនដី ផែនដីវិទ្យាថ្នាក់ទី៨ សីតុណ្ហភាពនៅមណ្ឌលនេះគឺក្ដៅខ្លាំងណាស់រហូតដល់ ៨០០ អង្សាសេ ដោយសារនៅក្នុងមណ្ឌលនេះមាន អាសូត និង អុកស៊ីសែនស្រូបយកកាំរស្មីស្វាយអ៊ុលត្រា ហើយបំលែងវាទៅជាកំដៅ។ យោងតាមឯកសារនេះដដែល មណ្ឌលកំដៅនេះត្រូវបានបែងបែកចែកជាពីរ គឺ មណ្ឌលអ៊ីយ៉ុង និង មណ្ឌលអ៊ិចសូ ឬមណ្ឌលអាកាសក្រៅ។
មណ្ឌលអ៊ីយ៉ុង (Ionosphere)
- មណ្ឌលអ៊ីយ៉ុងស្ថិតនៅក្នុងមណ្ឌលកម្ដៅផ្នែកខាងក្រោមលើរយៈកម្ពស់ពី ៨០ ទៅ ៤០០ គីឡូម៉ែត្រ ប៉ុន្តែបើតាមគេហទំព័រ NASA មណ្ឌលនេះស្ថិតនៅត្រួតគ្នាជាមួយមណ្ឌលមេសូ និង មណ្ឌលកំដៅ លាតសន្ធឹង ពី ៤៨ ទៅ ៩៦៥ គីឡូម៉ែត្រ។
- ទំហំមណ្ឌលនេះមានការប្រែប្រួលអាស្រ័យទៅតាមកម្ពស់បរិមាណនៃចំហាយកាំរស្មី x និង ស្វាយអ៊ុលត្រា។ ចម្ងាយកាំរស្មីទាំងពីរប្រភេទនេះ បានមកពីព្រះអាទិត្យដែលយើងមើលមិនឃើញ។ អាសូតអុកស៊ីត អុកស៊ីសែន និង ភាគល្អិត (អាតូម និងមេលេគីល) នៃឧស្ម័នទាំងនេះមានផ្ទុកអគ្គិសនីហៅថា “អ៊ីយ៉ុង”។ អ៊ីយ៉ុងនៅមណ្ឌលនេះមានសារៈសំខាន់ណាស់សម្រាប់ទំនាក់ទំនងផ្នែកវិទ្យុ។
មណ្ឌលអ៊ិចសូ (Exosphere)
- មណ្ឌលអ៊ិចសូមានរយៈកំពស់ប្រហែល ពី៥០០ ទៅរាប់ពាន់គីឡូម៉ែត្រ ហើយមានដង់ស៊ីតេអេឡិចត្រុង និងអ៊ីយ៉ុងខ្ពស់ជាមណ្ឌលអ៊ីយ៉ុង។ នេះគឺមានសារសំខាន់ណាស់សម្រាប់ទំនាក់ទំនាក់ឥតខ្សែ ឬទូរស័ព្ទ ពីព្រោះរលកអគ្គិសនីត្រូវបានបំផ្លាតយ៉ាងច្រើនក្នុងស្រទាប់នេះ។
បញ្ជាក់៖ និយមន័យនៃការបែងចែកស្រទាប់បរិយាកាសផែនដីនៅមានភាពផ្សេងគ្នា ហើយ និយមន័យនៃការចែកឱ្យដាច់រវាងលំហអវកាស និងបរិយាកាសក៏មិនទាន់ច្បាស់លាស់នៅឡើយដែរ។
ឯកសារពិគ្រោះ៖
NASA (2017) Earth's atmosphere retrieved from https://www.nasa.gov/mission_pages/sunearth/science/atmosphere-layers2.html
ក្រសួងអប់រំ ផែនដីវិទ្យា ថ្នាក់ទី៨ មេរៀនទី២ បរិយកាសផែនដី
0 comments:
Post a Comment